ជំពួក១
I. លំនាំដើម
ព្រះពុទ្ធសាសនាជាសាសនាមួយ
ធំហើយក៏មានប្រជាប្រិយភាព ក្នុងចំណោមសាសនាធំៗ ក្នុងពិភពលោក មានសាសនាគ្រឹះសាសនាឥស្លាម សាសនាស៊ិនតូ សាសនាព្រាហ្មណ៍…។ ព្រះពុទ្ធសានា ស្ថាបនាឡើងដោយព្រះពុទ្ធ(ជានាមសំដៅលើការត្រាស់ដឹង)នាមដើមរបស់ព្រះពុទ្ធគឺ
សិទ្ធត្ថៈ ព្រះអង្គជាមនុស្ស ប្រសូត្រក្នុងសក្យត្រកូល ព្រះបិតាព្រះនាម សិរីសុទ្ធូទនៈ
មាតាព្រះនាម សិរិមហាមាយា អគ្គមហេសីនាមពុម្ពារ ព្រះរាជបុត្តនាម រាហុល ប៉ុន្តែព្រះអង្គបានលះបង់នូវអ្វីៗទាំង
អស់រួចចេញទៅសាងព្រះផ្នួសរហូតដល់បានត្រាស់ជាព្រះពុទ្ធ ។ បាវចនារបស់ព្រះពុទ្ធសាសនា មានបី
គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ។ ព្រះពុទ្ធសាសនាមានគម្ពីរដីការ ច្បាស់លាស់មានគម្ពីរ
ព្រះត្រៃបិដកជាគោលហើយក៏មានវ័យចំណាស់ជាងគេ ក្នុងចំណោមគម្ពីរដីកាផ្សេងៗ ទៀតដែល ជាសំណេរសម្តែងពីធម៌
និងវិន័យសម្រាប់អប់រំកាយ វាចា និងចិត្តរបស់អ្នក សិក្សាគោរពប្រតិបត្តិ ។
គម្ពីរព្រះបិដកមាន ១១០ភាគ សម្រាប់ប្រទេសកម្ពុជាយើង ហើយនិងមានបាលីមួយចំហៀង
ភាសាខ្មែរមួយចំហៀង ចែកជាគម្ពីរមាន១៧គម្ពីរ សរុបជាធម្មក្ខន្ធមាន
៨៤០០០ព្រះធម្មក្ខន្ធ ហើយចែកជាបីផ្នែកគឺ ព្រះវិន័យបិដក ព្រះសុត្តបិដក និងព្រះអភិធម្មបិដក ។
ព្រះវិន៍យបិដក
៖ គម្ពីរព្រះវិន័យគឺជាគម្ពីរដែលផ្ទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត
ដើម្បីពួក អ្នកប្រតិបត្តិមានភិក្ខុជាដើមអនុវត្តតាមគន្លងមិនឲ្យខុសឆ្គង
ឬប្រាសចាកកុសលធម៌ ។ ម្យ៉ាងវិញ ទៀតគម្ពីរព្រះវិន័យនេះ ជាគម្ពីរសម្រាប់តម្រង់កាយ
និងវាចារបស់អ្នកប្រតិបត្តិ ឲ្យប្រព្រឹត្តត្រឹមត្រូវល្អ ញាំងសទ្ធារបស់អ្នកកាន់ព្រះពុទ្ធសាសនាឲ្យកើនឡើង
។ មាន ៥ គម្ពីរគឺ ១ អាទិកម្ម ២ បាចិត្តិយ
៣ មហាវគ្គ ៤ ចុល្លវគ្គ ៥ បរិវារៈ គិតជាធម្មក្ខន្ធមាន ២១០០០ព្រះធម្មក្ខន្ធ
បើគិតជាភាគនូវស្រុក យើងមាន ១៣ភាគ( ភាគ១ ដល់ភាគ១៣ ) ។
ព្រះសុត្តបិដក
៖ គឺជាគម្ពីរស្តីពីការសន្សំបុណ្យកុសលគ្រប់បែបយ៉ាង ។ ព្រះសូត្រនេះ
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ទេសនាក្នុងសម័យផ្សេងៗ មានព្រះសូត្រខ្លះ
ព្រះអរិយសាវកទ្រដ់សម្តែង ដូចជាព្រះសារីបុត្ត ព្រះមោគ្គល្លាន
ព្រះអានន្ទជាដើមចែកជាគម្ពីរមាន ៥គម្ពីរគឺ ១ ទីឃនិកាយ ២ មជ្ឈមនិកាយ ៣ សំយុត្តនិកាយ
៤ អង្គុត្តរនិកាយ ៥ ខុទ្ទកនិកាយ ហើយបើចែកជាធម្មក្ខន្ធ មាន ២១០០០ព្រះធម្មក្ខន្ធ
គិតជាភាគមាន ៦៤ភាគ ( ភាគ១៤ ដល់ ភាគ៧៧ ) ។
ព្រះអភិធម្មបិដក
៖ គម្ពីរព្រះអភិធម្ម ជាគម្ពីរដែលសម្តែងពីធម៌ដ៏ក្រៃលែង ជាធម៌មានគុណ នុភាព ដ៏ល្អិតគឺ
មនុស្សទេវតាព្រមទាំងព្រហ្ម គប្បីគោរពបូជា ជាធម៌ដែលប្រាប់ពន្យល់បរមត្ថ មានអត្ថ
ដ៏ជ្រាលជ្រៅក្រៃលែង ជាហេតុបណ្តាលឲ្យកើតឡើងនូវបុណ្យ និងបាបក្នុងសន្តានចិត្តសព្វ
សត្វក៏បាន ។ ព្រះអភិធម្មនេះគឺអង្គព្រះសម្មាសម្ធុទ្ធ ទ្រង់ត្រាស់សន្តែងឡើងដោយពុំមែនសមណៈ
ព្រាហ្មណ៍ មនុស្ស ទេវតា យក្យ ព្រហ្ម ឬអ្នកប្រាជ្ញណាមួយបានសម្តែងទុកទេ ។
កាលព្រះអង្គ សម្តែងនូវព្រះអភិធម្មនេះគឺ ក្នុងវស្សាទី ៧
ក្រោយពេលព្រះអង្គសម្តែងបាដិហារ្យ
ផ្ចាញពួកតិរ្ថិយ
ទាំងឡាយមានពូក និគ្រន្ថជាដើមឲ្យបាក់បបខ្លបខ្លាចអំណាចបុណ្យបារមី
របស់ព្រះអង្គហើយ ទ្រង់យ៉ាងទៅកាន់វស្សា នៅបណ្ឌុកម្ពសិលាសនៈ ក្រោមម្លប់ដើមបរិច្ឆតព្រឹក
ក្នុងឋានតាវតឹសពិភព ដែលជាទីប្រជុំនៃទេវតា
ទាំងមួយមឺនលោកធាតុចូលមកប្រជុំគ្នាក្នុងទីនោះ ទើបព្រះអង្គសម្តែងនូវ
ព្រះអភិធម្មប្រារព្ធចំពោះ សិរិមហាមាយាទេវបុត្ត ជាពុទ្ធមាតា ក្នុងចំណោមទេវតា
ទាំងមួយមឺន លោកធាតុនោះឯង ។ ព្រះអភិធម្មនេះព្រះអង្គទ្រង់សម្តែងរយៈពេល ៣ខែ
គិតជាថ្ងៃមាន ៩០ថ្ងែ ដើម្បីសងគុណមាតា ។
ព្រះអភិធម្មមាន ៧គម្ពីរគឺ ១ ធម្មសង្គណី ២ វិភង្គ ៣ ធាតុកថា ៤ បុគ្គលប្បញ្ញត្តិ ៥ កថាវត្ថុ
៦ យមកៈ ៧ មហាបដ្ឋាន រាប់ជាភាគមាន ៣៣ភាគ គិតជាធម្មក្ខន្ធមាន ៤២០០០ធម្មក្ខន្ធ (
ភាគ៧៨ ដល់ភាគ១១០ ) ។ សរុបទាំងព្រះវិន័យបិដក ទាំងព្រះសុត្តន្តបិដក ទាំងព្រះអភិធម្មបិដក
ត្រូវជា ៨៤០០០ ព្រះធម្មក្ខន្ធ ដោយបរិបូណ៌ ។
ប៉ុន្តែព្រះសម្មាសម្ពុទ្ធទ្រង់បានសង្ខេបនូវបិដកទាំងបី
មកនូវត្រឹមបី ឬហៅថា ឳវាទរបស់ ព្រះពុទ្ធបីយ៉ាង មាន៖
១
សព្វបាបស្ស អករណំៈ មិនឲ្យធ្វើអំពើបាបទាំងពួង គឺឲ្យវៀរចាកទុច្ចរិតប្រព្រឹត្តល្អ
ដោយកាយ វាចា ចិត្ត មានការសម្លាប់សត្វ ការលួចទ្រព្យសម្បត្តិអ្នកដទៃ ការលួច ប្រពន្ធ កូន
ប្តីអ្នកដទៃ ការនិយាយភូតកុហក និងគំនិតបៀតបៀនសត្វ និងអ្នកដទៃជាដើម នេះព្រះវន័យបិដក។
២
កុសលស្សូបសម្បទាៈ ឲ្យញាំងកុសលឲ្យដល់ព្រម គឺឲ្យប្រកបសុច្ចរិតប្រព្រឹត្តល្អ ដោយកាយ
វាចា ចិត្ត សំដៅទៅរក សុច្ចរិត ៣យ៉ាងគឺ កាយសុច្ចរិត វិចីសុច្ចរិត និងមនោសុច្ចរិត
នេះព្រះសុត្តន្តបិដក ។
៣
សចិត្តបរិយោទបនំៈ ឲ្យជំរះរបស់ខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត មាន លោភ ទោស
និងមោហ ជាដើម ។
ក្នុងគម្ពីរព្រះត្រៃបិដក
មានអត្ថសេចក្តីជាអនេកបរិយាយ តែដោយក្នុងកិច្ចការស្រាវជ្រាវដែល លោកគ្រូសាស្រ្តាចា្យបានដាក់ឲ្យក្រុមយើងខ្ញុំ
ស្រាវជ្រាវ អំពីព្រហ្មជាលសូត្រ ដូច្នេះក្រុម យើងខ្ញុំ នឹងលើកយកព្រហ្មជាលសូត្រ
ដែលសម្តែងក្នុងព្រះត្រៃបិដកនិងសេចក្តីប្រែជាភាសាខ្មែរសុត្តន្តបិដក ទីឃនិកាយ បឋមភាគ សីលក្ខន្ធវគ្គ ភាគ១៤
មករៀបរាប់ក្នុងសំណេរនេះ ប៉ុន្តែមិនបាន
លើកយក សេចក្តីក្នុង
ព្រហ្មជាលសួត្រ នោះមកដាក់ក្នុងកិច្ចការស្រាវជ្រាវនេះអស់សេចក្តី ពេញមួយសូត្រ បានពេញលេញ
និងគ្រប់មាត់គ្រប់ពាក្យនោះទេ ដោយយើងខ្ញុំបានសម្រូលសេចក្តីខ្លះៗ ដើម្បីធ្វើឲ្យ មាន ភាពងាយស្រួលដល់យើងខ្ញុំ
។
ព្រហ្មជាលសូត្រ
II. សុត្តនិទាន
(ពាក្យរបស់ព្រះអានន្ទ)សូត្រនេះខ្ញុំបានស្តាប់មកយ៉ាងនេះ
។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំដើរទៅកាន់ផ្លូវឆ្ងាយ
ក្នុងចន្លោះនៃក្រុងរាជគ្រឹះ នឹងចន្លោះនៃនាឡន្ទគ្រាម ជាមួយនិងភិក្ខុ សង្ឃច្រើនអង្គ
ចំនួន ៥០០រូប ។ ចំណែកខាងសុប្បិយបរិព្វាជក ក៏បានដើរ ទៅកាន់ផ្លូវឆ្ងាយ
ក្នុងចន្លោះនៃក្រុងរាជគ្រឹះនឹងចន្លោះនៃនាឡន្ទគ្រាម ។ បានឮថា ក្នុងផ្លូវឆ្ងាយនោះ
សុប្បិយបរិព្វាជក ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះ ដៀលព្រះសង្ឃ ដោយអនេកបរិយាយ
ឯព្រហ្មទត្តមាណពដែលជាកូនសិស្សពោលសរសើរ គុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ។ ព្រោះហេតុយ៉ាងនេះបានជា
បរិព្វាជក ទាំងពីរនាក់ គឺអាចារ្យ និងកូនសិស្សនោះពោលពាក្យជាសិកសត្រូវទៅរកគ្នានិងគ្នាដោយត្រង់
(ឥតមានបញ្ជៀសវាសវាង) ហើយដើរជាប់តាមក្រោយៗព្រះមានព្រះភាគនិងពួកភិក្ខុសង្ឃទៅ
។ លំដាប់នោះព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅគង់នៅក្នុងរាជដំណាក់ក្នុងសួនឈ្មោះ
អម្ពលដ្ឋិកា អស់មួយរាត្រីជាមួយនិងភិក្ខុ សង្ឃ ។ ឯសុប្បិយបរិព្វាជក
ជាមួយនិងកូនសិស្សក៏បាន ចូលទៅក្នុង រាជដំណាក់ ក្នុងសួនឈ្មោះ អម្ពលដ្ឋិកា នៅអស់មួយរាត្រីហើយ
ក៏បានពោលពាក្យជាបដិបក្ស នឹងគ្នាដោយអនេកបរិយាយដូច មុនផងដែរ ។ គ្រានោះឯងភិក្ខុទាំងឡាយច្រើនរូបក្រោកឡើង
ក្នុងបច្ចូសម័យនៃរាត្រីហើយអង្គុយ ប្រជុំគ្នា
ក្នុងរោងសម្រាប់សម្រាកកាយ បានផ្តើមពាក្យស្ងើចនេះឡើយថា ម្នាលអាវសោទាំងឡាយ
អស្ចារ្យណាស់តើហ្ន៎ហេតុនេះមិនធ្លាប់កើតបែរជាកើតឡើងបាន ព្រះមានព្រះភាគអង្គនោះ អរហន្ត
សម្មាសម្ពុទ្ធ ទ្រង់ជ្រាបទ្រង់ឃើញច្បាស់ ទ្រង់ជ្រាប់ ចំពោះនូវសត្វទាំងឡាយ ដែលមាន អធ្យាស្រ័យ
ផ្សេងៗ គ្នាដោយពិតប្រាកដ ព្រោះថា សុប្បិយបរិព្វាកជ ពោលតិះដៀលគុណ ព្រះពុទ្ធ ព្រះធម៌
ព្រះសង្ឃ ដោយអនេកបរិយាយ ឯព្រហ្មទត្តមាណព បានពោលសរសើរ គុណរបស់ព្រះពុទ្ធ ព្រះធម៌
ព្រះសង្ឃដោយអនេកបរិយាយ ។ គ្រានោះឯងព្រះមានព្រះភាគទ្រង់ជ្រាប់ច្បាស់ នូវពាក្យស្ងើចនេះ
របស់ភិក្ខុទាំងឡាយនោះហើយទ្រង់យាងចូលទៅ ក្នុងរោងសម្រាប់សម្រាកកាយទ្រង់គង់ លើ អាសនៈ ដែលគេតែងតាំងថ្វាយ ។លុះទ្រង់គង់ស្រេចហើយទ្រង់ហៅ ភិក្ខុទាំងឡាយមកថា ម្នាល
ភិក្ខុទាំងឡាយ អ្នកទាំងឡាយមកអង្គុយប្រជុំគ្នាក្នុងទីនេះនិយាយពីរឿងរ៉ាវដូចម្តេច
? ចុះពាក្យជា ចន្លោះ(ពាក្យជាចន្លោះអំពីគុណធម៌មានកម្មដ្ឋានមនសិការនិងបាលីនិងអដ្ឋកថាជាដើម)ជដូចម្តេច
? ដែលអ្នកទាំងឡាយនិយាយមិនទាន់ចប់ ។ កាលព្រះអង្គទ្រង់សួរដូច្នេះហើយភិក្ខុទាំងឡាយ បាន
ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគតាមដំណើររឿងរ៉ាវ ។ ព្រះអង្គទ្រង់ត្រាស់ថា
ម្នាលភិក្ខុ ទាំងឡាយទោះបីពួកសត្វដទៃពោល តិះដៀល តថាគតក្តីពោលតិះដៀលព្រះធម៌ក្តីពោលតិះដៀល
ព្រះសង្ឃក្តី អ្នកទាំងឡាយគប្បីឃាត់ពាក្យមិនពិតចំពោះពួកសត្វទាំងនោះថាពាក្យនេះមិនពិតដោយ
ហេតុនេះ ពាក្យនេះមិនពិតប្រាកដ ដោយហេតុនេះ ហេតុនេះឥតមានក្នុងពួកយើង មួយវិញទៀត
ពាក្យនេះរកមិនបានក្នុងពួកយើងទេ ។ ម្នាលភិក្ខុទាំងឡាយទោះបីពួកសត្វដទៃ ពោលសរសើរគុណ
តថាគតក្តី ពោលសរសើរគុណព្រះធម៌ ក្តីពោលសរសើរគុណព្រះសង្ឃក្តី អ្នកទាំងឡាយមិនគូរធ្វើ សេចក្តីរីករាយ
មិនគូរធ្វើ សោមនស្ស មិនគូរធ្វើសេចក្តីព្រើលចិត្ត ចំពោះពួកសត្វទាំងនោះឡើយ ។
ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយមានចិត្តរីករាយត្រេចអរព្រើលចិត្តចំពោះសត្វទាំងនោះហើយ សេចក្តីអន្តរាយ(នៃគុណទាំងឡាយមានបឋមជ្ឈានជាដើម)នឹងកើតមានប្រាកដ
ដល់អ្នកទាំងឡាយ ព្រោះសេចក្តី អរនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ
ពោលសរសើរគុណតថាគតក្តី ពោលសរសើរគុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី
អ្មកទាំឡាយត្រូវប្តេជ្ញា ពាក្យពិត តាមពាក្យដោយហេតុនេះមែន
ពាក្យនេះតែងមានក្នុងពួកយើងមែន ។
ជំពួក
២
III. ចូឡសីល
ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន
កាលបើពោលសរសើរគុណរបស់តថាគត តែងសរសើរ ដោយគុណជាតណា គុណជាតនោះ មានប្រមាណតិច
មានប្រមាណស្តួចស្តើង បានត្រឹសីល ប៉ុណ្ណោះ ។
នុថុជ្ជនតែងសរសើរព្រះដ៏មានព្រះភាគដូច្នេះថា ៖
ព្រះសមណគោតម
លៈបង់បាណាតិបាទ ហើយវៀរស្រឡៈចាកបាណាតិបាទ ហើយមាន ដំបងដាក់ចុះហើយ
មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាស់បាបដល់ នូវសេចក្តីអាណិត អាសូរ
មានសេចក្តី អនុគ្រោះដោយប្រយោជន៍ដល់សព្វសត្វ ។
ព្រះសមណគោតម
លៈបង់នូវអទិន្នាទានហើយ ព្រះអង្គកាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នា តែរបស់ដែលគេឲ្យ
មានអត្ថភាពជាអ្នកមិនលួច មានសភាពដ៏ស្អាត ។
ព្រះសមណគោតម
លៈបង់អព្រហ្មចរិយៈហើយ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរព្រះអង្គចៀស វាង (
អំពើអព្រហ្ម ចរិយៈ )វៀរចាកមេថុនធម្ម ជាធម៌របស់អ្នកស្រុក ។
ព្រះសមណគោតម
លៈបង់មុសាវាទហើយ ព្រះអង្គពោលតែពាក្យពិត តពាក្យពិត មានវាចា ខ្ជាប់ខ្ជួន គួរអ្នកផង
ជឿបាន មិនពោលបំភ្លាត់សត្វលោក ។
ព្រះសមណគោតម
លៈបង់បិសុណាវាចាហើយ ព្រះអង្គ ឮពាក្យក្នុងសំណាក់ នៃពួកជន ឯណេះ ហើយមិននាំយកទៅប្រាប់ពូកជនឯណោះ
ដើម្បីបំបែកពូកជនឡើយ ។
ព្រះសមណគោតម
លៈបង់ដាច់ស្រឡៈ នូវផរុសវាចាហើយ វាចាណាដែលជាសំដីឥតទោស ជាសុខដល់ត្រចៀកគួរឲ្យអ្នកផងស្រឡាញ់ពេញហឬទ័យជាទីត្រេចអរ
នៃជនច្រើននាក់ពេញចិត្តនៃ ជនច្រើន នាក់
ទ្រង់ពោលបែបនេះឯង ។
ព្រះសមណគោតម
លៈបង់នូវសម្ផប្បលាបៈហើយ ព្រះអង្គពោលពាក្យក្នុងកាលគួរ ពោល តែពាក្យពិតប្រាកដ
ពោលតែពាក្យមានអត្ថ ពោលតែពាក្យដែលជាធម៌ វិន័យ ពោលតែពាក្យ មានឳកាសជាទីដំកលទុក
ក្នុងហឬទ័យ ប្រកបដោយគ្រឿងអាងមានគ្រឿងកំណត់ ប្រកបដោយ ប្រយោជន៍ ដោយកាលដ៏គួរ ។
ព្រះសមណគោតម
វៀរស្រឡៈចាកការធ្វើពីជគាម និងភូតគាម (វត្ថុដែលមានពួជដុះឡើងបាន
តែមិនដុះជាប់ នឹងផែនដី មានគ្រាបឈើជាដើម ហៅថាពីជគាម ឈើស្មៅជាដើម ដែលដុះជាប់នឹង ផែនដីជាដើម
ហៅថា ភូតគាម) ។
ព្រះសមណគោតម
បរិភោគភត្តតែ មួយពេលវៀរលែងបរិភោគក្នុងរាត្រី ក្នុងកាលខុស ។
ព្រះសមណគោតម
វៀស្រឡៈកិរិយារមើលនូវរបាំ នឹងការស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវ
ដល់កុសលធម៌ ។
ព្រះសមណគោតម
វៀរស្រឡៈចាកកិរិយាទ្រទ្រង់ ប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កា កម្រង
និងគ្រឿងក្រអូបគ្រឿងលាបផ្សេងៗ ។
ព្រះសមណគោតម
វៀរស្រឡៈចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេកទីអង្គុយដ៏ប្រសើរ ។
ព្រះសមណគោតម
វៀរស្រឡៈចាក ការទទូលមាស និងប្រាក់ ។
ព្រះសមណគោតម វៀរស្រឡៈចាកកិរិយាទទូលមាន់
ជ្រូក ដំរី សេះ គោ ឈ្មោលញី ។
ព្រះសមណៈគោតម
វៀរស្រឡៈ ចាកកិរិយាទទូលស្រែ និងចំការ ។
ព្រះសមណគោតម
វៀរស្រឡៈចាកកិរិយាប្រកប នូវទូតកម្ម គឺការនាំសំបុត្រឬពាក្យបណ្តាំ ដល់គ្រហស្ថ នឹងទៅ
ដោយគេបញ្ជួន អំពីផ្ទះ១ ទៅផ្ទះ១ ។
ព្រះសមណគោតម
វៀរស្រឡៈចាកការទិញ នឹការលក់ ។
ព្រះសមណគោតម
វៀរស្រឡៈចាកការឆបោក ឬបន្លំដោយជញ្ជីង នឹងឆបោកដោយភាជ មាសន៍ ឆបោកដោយ រង្វាស់រង្វាល់ ។
ព្រះសមណគោតម
វៀរស្រឡៈចាកកិរិយាប្រកបបូវអណពើវៀច គឺការបង្ខុសបំភាន់ បញ្ឆោត បោកប្រាស
បន្លំដោយរបស់ប្លម ។
ព្រះសមណគោតម
វៀរស្រឡៈចាកកិរិយាកាត់ (នូវអវៈយវៈមានដៃជើងជាដើម) នឹងការ សម្លាប់ ចង់ធ្វើឲ្យមនុស្សវង្វេងផ្លូវ ប្លន់អ្នកស្រុក
កំហែងយកទ្រព្យ ។
បុថុជ្ជន
កាលពោលសរសើរ គុណតថាគត តែងពោលដូច្នោះក៏មាន ។
IV.មជ្ឈិមសីល
៣.១ ការធ្វើពីជគាម
និងភូតគាមឲ្យវិនាស
ព្រះសមណគោតម
វៀរស្រឡៈចាកការធ្វើ ភូតគាម និងពីជគាមមាន ១ ពួជគឺមើម រឺឬស ១ ពួជគឺដើម ១ ពួជគឺថ្នាំង ១ ពួជគឺចុង
រឺត្រួយ ១ ពួជគឺគ្រាប ជាគម្រាប ៥ ។ ព្រះសមណគោតម ទ្រង់វៀរស្រឡៈចាកការធ្វើ ពីជគាម
និងភូតគាម ឲ្យវិនាសមានសភាពដូច្នោះ ។
៣.២ ការបរិភោគវត្ថុដែលសន្សំទុក
ព្រះសមណគោតម
វៀរស្រឡៈចាកការបរិភោគនូវវត្ថុដែលសន្សំទុកដូចជា ការសន្សំគ្រឿង ស៊ីខ្លះ
សន្សំទឹកផឹកខ្លះ សន្សំសំពត់ខ្លះ សន្សំយានខ្លះ សន្សំទីដេកខ្លះ សន្សំគ្រឿងលាបខ្លះ សន្សំ
គ្រឿងក្រអូបខ្លះសន្សំអាមិសខ្លះ ។ ព្រះសមណគោតម ទ្រង់វៀរស្រឡៈមានសភាព ដូច្នោះឯង ។
៣.៣ ល្បែងដែលជាសត្រូវដល់កុសលធម៌
ព្រះសមណគោតម
វៀរចាកល្បែងដែលជាសត្រូវដល់កុសលធម៌ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគុំខ្លះ
មហោស្រពខ្លះ ចម្បាំងស្តេចភាតរនិងព្រះរាមជាដើមខ្លះ គងខ្លះ រគាំងខ្លះ
ស្គរមានជ្រុង៤ខ្លះ រូបគំរូខ្លះ ល្បែងដុំដែកខ្លះ ល្បែងរ៉ាវខ្លះ ល្បែងលាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ
សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ មាន់ជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់គ្នាខ្លះ
កែះជល់គ្នាខ្លះ ចាបជល់គ្នាខ្លះ ល្បែងគុណដំបងខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ
ទីសម្រាប់ច្បាំងគ្នាខ្លះ ទីសម្រាប់រៀបពលខ្លះ លំនៅកង ទព័ខ្លះ
ទីមើលសេនាប្រកបដោយអង្គ៤ខ្លះ(១សេនាដំរី២សេនាសេះ៣សេនារទេះនិង៤សេនាថ្មើរជើង
)។
៣.៤ ការប្រកបល្បែងបាស្កាជាទីតាំងនៃសេចក្តីប្រមាទ
ព្រះសមណគោតម
ទ្រង់វៀរស្រឡៈនូវល្បែងបាស្កាគឺ បាស្កាមានក្រឡា ៨ខ្លះ បាស្កាមានក្រ ឡា ១០ខ្លះ
បាស្កាដែលលេងឭដ៏អាកាសខ្លះ ល្បែងវាងផ្លូវដែលគួរវាងខ្លះ ល្បែងផ្ទាត់គ្រាប់មានគ្រាប់
ក្រួសជាដើមខ្លះ លេងបាស្កាក្នុងទីលានសម្រាប់លេងខ្លះ ល្បែងហ្នឹង ឬកូនគោលខ្លះ
ល្បែងរលាស់ ទឹកលាក់ឲ្យទាយរូបខ្លះ ល្បែងអង្គុញខ្លះ ល្បែងប៊ីស្លឹកខ្លះ ល្បែងនង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ
ល្បែងកង្ហារខ្លះ ល្បែងវាល់ដីខ្សាច់ ( បាយឡុកបាយឡ
)ខ្លះ ល្បែងទាយចិត្ត (ស្តេចចង់)ខ្លះ ល្បែងរត តូចខ្លះ ល្បែងធ្នូតូចខ្លះ
ល្បែងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ ល្បែងកម្លែងត្រាប់គេខ្លះ ។ ព្រះសមណគោតម
វៀរស្រឡៈមានសភាពដូច្នោះឯង ។
៣.៥ ឧច្ចាសយនមហាសយនៈ
ព្រះសមណគោតម
ទ្រង់វៀរស្រឡៈចាក ទីដេកទីអង្គុយដ៏ខ្ពស់ និងទីដេកទីអង្គុយដ៏ប្រសើរ គឺ
អាសនៈដែលខ្ពស់ហួសប្រមាណខ្លះ គ្រែដែលមានវិចិត្រដោយរូបសត្វសាហាវខ្លះ ព្រំដែលមាន
រោមវែងជាងបួនធ្នាប់ខ្លះ កម្រាលដែលគេធ្វើដោយរោមវិចិត្រដោយរូបសត្វសាហាវខ្លះ
កម្រាលមាន ពណ៌សដែលគេធ្វើដោយរោមសត្វខ្លះ កម្រាលដែលធ្វើដោយរោមសត្វមានផ្កាដេរដាស់ខ្លះ
កម្រាល ដែលញាត់ដោយសំឡីជាប្រក្រតីខ្លះ កម្រាលដែលធ្វើដោយរោមសត្វវិចិត្រដោយរូបសត្វសាហាវ
(មានសីហ និងខ្លាធំជាដើម)ខ្លះ កម្រាលដែលធ្វើដោយរោមសត្វមានរោមច្រាងឡើងតែម្ខាងខ្លះ
កម្រាលដែលធ្វើដោយរោមសត្វមានរោមច្រាងឡើងទាំងសងខាងខ្លះ កម្រាលដែលធ្វើដោយឌិនខ្សែ
សយមាស និងសូត្រចាក់ស្រេះដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ
១៦ នាក់ឈររាំបានខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងដំរីខ្លះ ខ្នងសេះខ្លះ លើរថខ្លះ
កម្រាលដែលគេធ្វើដោយស្បែកខ្លាខ្លះ កម្រាលដ៏ឧត្តមដែលគេធ្វើដោយស្បែកឈ្លុសខ្លះ
ទីដេកដែលមានពិដានក្រហមពីលើខ្លះ ខ្នើយមានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយ
ជើងព្រមទាំងពិដានមានពណ៌ក្រហមខ្លះ ។ ព្រះសមណគោតមវៀរស្រឡៈមានសភាពដូច្នោះឯង ។
៣.៦ ការប្រកបនូវវត្ថុជាទីតាំងនៃការ
ស្អិតស្អាងរាងកាយ
ព្រះសមណគោតម
ទ្រង់វៀរស្រឡៈចាក វត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ គឺ
ការដុសខាត់បំបាត់ក្លិនអាក្រក់ខ្លះ ការច្របាច់រឹតខ្លះការផ្ងូតទឹកខ្លះ ការគក់ច្របាច់ខ្លះ
កញ្ចក់ខ្លះ វត្ថុ សម្រាប់លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រងខ្លះ គ្រឿងលាបខ្លះ
គ្រឿងលំអិតសម្រាប់ប្រស់មុខខ្លះ វត្ថុ សម្រាប់លាបមុខខ្លះ
គ្រឿងប្រដាប់ដៃខ្លះចំណងផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ
ឆត្រខ្លះ ស្បែកជើងដ៏វិចិត្រខ្លះ មកុដ ឬក្បាំងមុខខ្លះ (ស្នៀតសក់)កែវមណីខ្លះ
ផ្លិតធ្វើពី រោមកន្ទុយសត្វខ្លះ សំពត់សខ្លះ សំពត់មានជាយវែងខ្លះ ។
ព្រះសម្ពុទ្ធទ្រង់វៀរស្រឡៈមានសភាព ដូច្នោះឯង ។
៣.៧ តិរច្ឆានកថា
ព្រះសមណគោតម
ទ្រង់វៀរស្រឡៈចាក តិរច្ឆានកថា គឺការនិយាយអំពីស្តេចខ្លះ អំពីចោរខ្លះ អំពីអាមាត្រធំខ្លះ
អំពីសេនាទាហានខ្លះ អំពីភ័យខ្លះ អំពីចម្បាំងខ្លះ អំពីបាយម្ហូបចំណីខ្លះ អំពីផ្កាក្រង
ខ្លះ អំពីទឹកផឹកខ្លះ អំពីសំពត់ខ្លះ អំពីទីដេកខ្លះ អំពីញាតិខ្លះ អំពីស្រុកខ្លះ
អំពីនិគមខ្លះ អំពីនគរខ្លះ អំពីជនបទខ្លះ អំពីស្រ្តីខ្លះ អំពីបុរសខ្លះ និយាយអំពីច្រកផ្លូវ
អំពីយាន អំពីកំពង់ទឹក អំពីយោ ធាដែលក្លៀវក្លាខ្លះ
និយាយអំពីញាតិដែលចែកឋានទៅកាន់បរិលោកហើខ្លះ និយាយអំពីពាក្យដែល ឥតប្រយោជន៍មានសភាពផ្សេងៗ
និយាយអំពីលោកខ្លះ និយាយពីរឿងជីកសមុទ្រខ្លះនិយាយពី សេចក្តីចំរើនន
នឹងសេចក្តីមិនចំរើនខ្លះដែលជាហេតុឥតប្រយោជន៍ ដូច្នេះខ្លះ ដូច្នោះខ្លះ។ ព្រះសមណគោតម
ទ្រង់វៀរស្រឡៈនូវតិរច្ឆានកថា មានសភាពយ៉ាងដូច្នោះឯង ។
៣.៨ ពាក្យប្រណាំង ប្រជែង
ព្រះសមណគោតម
វៀរស្រឡៈចាក នូវពាក្យប្រណាំងប្រជែង គឺអ្នកមិនចេះដឹងធម៌ និងវិន័យ នេះទេ
ខ្ញុំទើបបានចេះ អ្នកនឹងឈ្មោះថាចេះ ធម៌វិន័យនេះម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស
ខ្ញុំទើប ជាអ្នកប្រតិបត្តិតរឹមត្រូវ ពាក្យរបស់ខ្ញុំទើបប្រកបដោយប្រយោជន៍
ពាក្យរបស់អ្នកមិនប្រកបដោយ ប្រយោជន៍ទេ ។
សម្តីដែលគេត្រូវនិយាយក្រោយ អ្នកយកមកនិយាយមុនវិញ ។ សម្តីដែលគេ និយាយមុន
អ្នកយកមកនិយាយក្រោយវិញ ។ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ ។
ទោសក្នុងសម្តីរបស់អ្នកខ្ញុំបានលើកឡើងហើយ ។ អ្នកជាមនុស្សដែលខ្ញុំសង្កត់សង្កិនបានហើយ
។ អ្នកចូលទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសម្តី ឬបើអ្នកអាច ចូលអ្នកដោះស្រាយឲ្យរួច
ទោសចុះ ។ ព្រះសមណគោតម វៀរស្រឡៈមានសភាពដូច្នោះឯង ។
៣.៩ ការធ្វើទូតកម្ម
ព្រះសមណគោតម
វៀរស្រឡៈចាកការធ្វើទូតកម្ម គឺនាំសំបុត្រ ឬនាំពាក្យបណ្តាំនៃគ្រហស្ថ
ឬទៅដោយគេបញ្ជួនទៅអំពីផ្ទះមួយទៅផ្ទះ ទៅដោយពាក្យប្រើរបស់ស្តេច ពួកអាមាត្រធំនៃស្តេច
ពួកក្សត្រិយ ពួកព្រាហ្មណ៍ ពួកគហបតិឬពួកកុមារថា លោកចូលទៅក្នុងទីនេះ លោកចូលទៅក្នុង
ទីឯណោះ លោកចូលនាំយករបស់នេះទៅ លោកចូលនាំយករបស់នេះ ពីទីឯណោះមក ។
៣.១០ ការពោលកុហក
នឹងការពោលរាក់ទាក់ជាដើម ព្រះសមណគោតម
ទ្រង់វៀរស្រឡៈចាក ការកុហក គឺញាំងគេឲ្យភាន់ច្រឡំ (ឲ្យជ្រះថ្លា ដោយការ ប្រើប្រាស់បច្ច័យជាដើមខ្លះ
ជាអ្នកពោលពាក្យរាក់ទាក់(នឹងគ្រហស្ថ)ខ្លះ ជាអ្នកធ្វើនិមិត្ត គឺពោល បញ្ឆិតបញ្ឆៀងខ្លះ
ជាអ្នកជេរប្រទេចខ្លះ ជាអ្នកស្វែងរកលាភដោយលាភខ្លះ ។ ព្រះសមណគោតម ទ្រង់វៀរស្រឡៈមានសភាពដូច្នោះឯង
។
V. មហាសីល
៤.១ តិរច្ឆានវិជ្ជា
ក.
ដូចសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធា
ហើយតែសមណព្រាហមណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជាមាន ការទាយ
អវយវៈខ្លះ ការទាយនិមិត្តខ្លះ ទាយឧត្បាតគឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ
ទាយ យល់សប្តិខ្លះ ទាយលក្ខណៈខ្លះ ទាយវត្ថុមានសំពត់ជាដើម ដែលកន្តុរកាត់ខ្លះ
និយាយអំពី ការបូជា ដោយភ្លើងខ្លះ និយាយអំពីការបូជាដោយវែកខ្លះ
និយាយអំពីការបូជាដោយអង្កាមខ្លះ និយាយអំពី កាបូជាដោយកុណ្ឌកខ្លះ ដោយអង្ករខ្លះ
ដោយទឹកដោះរ៉ាវខ្លះ ដោយប្រេងខ្លះ ដោយមាត់ខ្លះ ដោយ ឈាមខ្លះ វិជ្ជាសម្រាប់ទាយអវយវៈ វិជ្ជាសម្រាប់ទាយទីភូមិ (ថាឲ្យសុខ ឲ្យទុក្ខ ) វិជ្ជាទាយព្រៃខ្មោច
វិជ្ជាសម្រាប់ការពាររក្សាភូមិខ្លះ វិជ្ជាស្តោះពស់ខ្លះ វិជ្ជារក្សាពិសខ្លះ
វិជ្ជាស្តោះខ្ទួយទិចខ្លះ កណ្តុរខាំខ្លះ វិជ្ជាសម្រាប់ទាយសម្រែកសត្វស្លាបខ្លះ
សម្រែកក្អែកខ្លះ អាយុខ្លះ វិជ្ជាសម្រាប់រារាំងសរខ្លះ វិជ្ជា
សម្រាប់មើលស្នាមជើងម្រឹកគឺសត្វជើងបួន ទាំងអស់ខ្លះ ។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡៈ
ហើយចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជាមានសភាពដូច្នោះឯង ។
ខ. ដូចជាសមណព្រាហ្មណ៍ដ៏ចំរើនពួកមួយ
បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ ចិញ្ខឹមជីវិតដោយមិច្ឆាជីវៈ
ព្រោះតិរច្ឆានវិជ្ជា គឺការទាយលក្ខណៈកែវ មណីខ្លះ ទាយលក្ខណៈដំបង ឬឈើច្រត់ខ្លះ
ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈសស្រ្តាខ្លះ ដាវខ្លះ ធ្នូខ្លះ អាវុធខ្លះ សរខ្លះ
ស្រីខ្លះ ប្រុសខ្លះ ក្មេងប្រុសខ្លះ ក្មេងស្រីខ្លះ ខ្ញុំប្រុសខ្លះ ខ្ញុំស្រីខ្លះ
ដំរីខ្លះ សេះខ្លះ ក្របីខ្លះ គោឧសភខ្លះ គោខ្លះ ពពែខ្លះ មាន់ខ្លះ ចាប ឬក្រួចខ្លះ
កែះខ្លះ គ្រឿងប្រដាប់ឬ កំពូលផ្ទះខ្លះ ទន្សងខ្លះ អណ្តើកខ្លះ ម្រឹកខ្លះ ។
ឯព្រះសមណគោតម ទ្រង់វៀរស្រឡៈចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជាមានសភាពដូច្នោះឯង ។
គ.
ដូចជាសមណព្រាហ្មណ៍ដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែ
សមណព្រាហ្មណ៍ទាំងនោះ ចិញ្ខឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា
គឺទាយការលើកទ័ពថាគួរ ចេញទៅថ្ងៃណេះ ថ្ងៃណោះ ។ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។ព្រះរាជាខាងក្រៅនឹងថយ
ចេញទៅ ។ ព្រះរាជាខាងក្រៅនឹងរុករានខាងមក ។ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។ ព្រះរាជា
ខាងក្នុងនឹងមានជ័យជំនះ ។ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។
ព្រះរាជាអង្គនេះនឹងមានជ័នះ ឯព្រះ រាជាអង្គនេះនឹងបរាជ័យ ។ ឯព្រះសមណគោតម
ទ្រង់វៀរស្រឡៈចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នោះឯង ។
ដូចជាសមណព្រាហ្មណ៍ដ៏ចំរើនពួកមួយ
បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែ សមណព្រាហ្មណ៍ទាំងនោះ ចិញ្ខឹមជីវិតដោយមិច្ឆាជីវៈ
ព្រោះតិរច្ឆានវិជ្ជា គឺការទាយថា(ក្នុងថ្ងៃឯ ណោះ)នឹងមានចន្រ្ចគ្រាស នឹងមានសូគ្រាស
នឹងមានក្សត្រគ្រាស គឺផ្កាយព្រះគ្រោះដើរចូលរួមគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ ឬផ្កាយណាមួយ ។
ព្រះអាទិត្យព្រះចន្ទនឹងដើរតាមផ្លូវត្រូវគ្នា ។ ផ្កាយ
ទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។
នឹងមានឧក្កាបាត ។ នឹង មានកម្រើកផែនដី ។ នឹងមានផ្គរលាន់(ឥតមានភ្លៀង) ។ ព្រះចន្ទ
ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬ អស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ (...) ។
(...) ។
ម្នាលភិក្ខុទាំងឡាយ
បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលសរសើរ ដោយគុណជាតណា គុណជាតនុះ មានប្រមាណតិច
មានប្រមាណស្ដួចស្ដើង បានត្រឹមតែសីល ប៉ុណ្ណោះ ។
ជំពួក
៣
VI. សម្តែងអំពី ទិដ្ឋិរបស់ពួកសមណព្រាហ្មណ៍
ម្នាលភិក្ខុទាំងឡាយ
តថាគតធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមខ្លួនឯងហើយអាច សម្តែង បាននូវធម៌ទាំឡាយណា
ធម៌ទាំឡាយនោះជាធម៌ជ្រាលជ្រៅអំពីសីល ទាំងបីនោះ បុគ្កលគប្បីឃើញ បានដោយលំបាក
ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធមឥដ៏ថ្លៃថ្លា
មិនជាទីស្ទង់ ប្រមើលដោយសេចក្តីត្រិះរិះជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន ។
ម្នាលភិក្ខុទាំឡាយ
មានសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកកំណត់នូវចំណែកនៃ ខន្ធខាងដើម មានសេចក្តីរឿយៗ
នូវចំណែកនៃខន្ធខាងដើមប្រារពនូវចំណែកនៃខន្ធខាងដើមហើយ ពោលនូវចំណែកនៃទិដ្ឋិទាំងឡាយច្រើនបែប
៖
៥.១ បុព្វេនិវាសានុស្សតិ
ការកំណត់នូវខន្ធខាងដើម
ក. ម្នាលភិក្ខុទាំងឡាយ
មានសមណព្រាហ្មណ៍ពួកមួយ ជាសស្សតវាទ(អ្នកពោលប្រកាន់ ថាទៀង)តែងបញ្ញត្តិខ្លួន និង
លោកថាទៀង ។
ខ.
សមណព្រាហ្មណ៍ ពួកមួយជា អ្នកប្រកបដោយ ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ គឺយល់
ថាលោកពួកខ្លះទៀង លោកពួកខ្លះមិនទៀង បញ្ញត្តិនូវខ្លួននិងលោកថា ទៀងខ្លះ
ថាមិនទៀងខ្លះ។
គ. ម្នាលភិក្ខុទាំងឡាយមានសមណព្រាហ្មណ៍ពួកមួយប្រកបដោយ
អន្តានន្តទិដ្ឋិ បញ្ញត្តិថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ។
ឃ. ម្នាលភិក្ខុទាំងឡាយមានសមណព្រាហ្មណ៍ពួកមួយ
ជាអ្នកប្រកបដោយ អមរាវិក្ខេបទិដ្ឋិ (អដ្ឋកថា ថាអ្នកប្រកាន់ និយាយបោះសម្តី
មិនឲ្យស្លាប់ពាក្យ ។ ន័យមួមទៀតថា អ្នកនិយាយបោះ សម្តីក្រឡិចក្រឡុចមិនឲ្យ
គេចាប់ពាក្យបាន ដូចជាត្រីមួយបែបឈ្មោះ ត្រីអមរា ដែលស្ទុះទៅ ស្ទុះមក ភ្លែតចុះ
ភ្លែតឡើង មិនឲ្យគេចាប់ខ្លួនបាន ) កាលបើមានអ្នកណាមួយសាក់សួរប្រស្នាក្នុងកុសល
និងអកុសល នោះៗ ក៏ដល់នូវ ការបោះវាចា បោះសម្តីមិនឲ្យស្លាប់ពាក្យ ។
ង.ម្នាលភិក្ខុទាំងឡាយមាន
សមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយ អធិច្ចសមុប្បន្នទិដ្ឋិ គឺអ្នកបញ្ញត្តិនូវខ្នួន
និងលោក ថាកើតឡើងដោយឥតហេតុ ។
ច.ម្នាលភិក្ខុទាំងឡាយមាន
សមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយ អបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីតល់ឃើញ រឿយៗ
នូវខន្ធជាចំណែកខាងដើម ( អនាគត ) ប្រារពខន្ធជាចំណែកខាងមុខ
ហើយសម្តែងនូវចំណែកនៃទិដ្ឋិ ច្រើនបប្រការ ។
ឆ.ម្នាលភិក្ខុទាំងឡាយមានសមណព្រាហ្មណ៍ពួកមួយ
ជាអ្នកប្រកបដោយ ឧទ្ធមាឃតនទិដ្ធិ ជាសញ្ញីវាទ(ប្រកាន់នូវខ្លួនថា
កាលស្លាប់ទៅមានសញ្ញា)ដោយហេតុ ១៦យ៉ាង ។
ជ.
ម្នាលភិក្ខុទាំងឡាយមាន សមណព្រាហ្មណ៍ពួកមួយ
ជាអ្នកប្រកបដោយ ឧទ្ធមាឃតនទិដ្ធិ ជាអសញ្ញីវាទ បញ្ញត្តិនូវខ្លូនថា
មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ ៨យ៉ាង ។
ឈ.ម្នាលភិក្ខុទាំងឡាយមាន
សមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយ ឧទ្ធមាឃតនទិដ្ធិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តិ
នូវខ្លួនថា មានសញ្ញាក៏មិនមាន មិនមានសញ្ញាក៏មិនមាន(មានសញ្ញា ក៏ដូចជាគ្មានសញ្ញា
គឺមានសញ្ញាដ៏ល្អិត) ខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ ៨យ៉ាង ។
ញ.ម្នាលភិក្ខុទាំងឡាយមាន
សមណព្រាហ្មណ៍ពួកមួយ ជាឧច្ឆេទវាទ(អ្នកពោលថាដាច់ សូន្យ) បញ្ញត្តិនូវការដាច់សូន្យ
នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែមាននៅ ដោយហេតុ ៧យ៉ាង ។
ដ.ម្នាលភិក្ខុទាំងឡាយមាន
សមណព្រាហ្មណ៍ពួកមួយ ជាទិដ្ឋិធម្មនិព្វានវាទ(អ្នកពោលនូវនិព្វាន
គឺសេចក្តីរលត់ទុក្ខក្នុង បច្ចុប្បន្ន)បញ្ញត្តិព្រះនិព្វាន
ក្នុងបច្ចុប្បន្នថាជាគុណជាត យ៉ាងក្រៃលែងរបស់សត្វ ដែលមាននៅដោយហេតុ ៥យ៉ាង ។
ម្នាលភិក្ខុទាំងឡាយ
បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណាជា អ្នកប្រកប ដោយ សស្សតវាទ
បញ្ញត្តិនូវខ្លួននឹងលោកថា ទៀងដោយវត្ថុ ៤យ៉ាងក្តី
ពួកសមណព្រាហ្មណ៍ណាជា អ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណាជា
អ្នកប្រកបដោយ អន្តានន្តទិដ្ឋិក្តី អមរាវិក្ខេបទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណាជា
អ្នកប្រកបដោយជាអធិច្ចសមុប្បន្នទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណាជា អ្នកប្រកបដោយ
បុព្វន្តកប្បទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណាជា អ្នកប្រកប ដោយឧទ្ធមាឃតនទិដ្ឋិ
ជាសញ្ញីវាទក្តី ពួកសមណព្រាហ្មណ៍ណាជាអ្នកប្រកបដោយ ឧទ្ធមាឃតនទិដ្ឋ ជា អសញ្ញីវាទក្តី
ពួកសមណព្រាហ្មណ៍ណាជាអ្នកប្រកបដោយ ឧទ្ធមាឃតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទក្តី ពួកសមណព្រាហ្មណ៍ណាជា
ឧច្ឆេទវាទក្តី ពួកសមណព្រាហ្មណ៍ណាជា ទិដ្ឋធម្មនិព្វានវាទក្តី ពួកសមណ ព្រាហ្មណ៍ណាជាអ្នកប្រកបដោយ
អបរន្តកប្បទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយ បុព្វន្ត កប្បទិដ្ឋិ
ប្រកបដោយអបរន្តកប្បទិដ្ឋិ ទាំងប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិ
ជាអ្នកមានសេចក្តីយល់ឃើញ រឿយៗនូវខន្ធជាចំណែកខាងដើម នឹងខន្ធជាចំណែកខាងមុខ
ប្រារព្ធនូវខន្ធជចំណែកខាងដើម នឹងខន្ធជាចំ ណែកខាងមុខ សម្តែងនូវចំណែក
នៃសេចក្តីយល់ឃើញច្រើនប្រការពដោយវត្ថុ ៦២ក្តី ពួកសមណព្រាហ្មណ៍
ទាំងអស់នោះទទូលដឹង(នូវអារម្មណ៍) ព្រោះប៉ះពាល់ត្រូវដោយអាយតនៈជាទីកើតនៃផស្សៈ ៦យ៉ាង ។
តណ្ហា របស់សមណព្រាហ្មណ៍ទាំងនោះកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន
ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ
ជរាមណៈកើតមាន ព្រោះជាតិជា បច្ច័យ សេចក្តីសោកស្រណោះ សេចក្តីខ្សឹកខ្សួល សេចក្តីមិនស្រួលកាយ
សេចក្តីតូចចិត្ត សេចក្តីចង្អៀតចិត្តិ ក៏កើមាន ព្រោះជាតិជាបច្ច័យដែរ ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់នូវហេតុដែលនាំឲ្យកើតឡើង នឹង សេចក្តីវិនាស
នឹងសេចក្តីត្រេកអរ នឹងទោសនិងឧបាយជាគ្រឿងរលាស់ចេញនូវអាយតនៈ ជាទីកើតនៃផស្ស ទាំង
៦តាមសេចក្តីពិតប្រាកដ ក្នុងកាលណា ។ ភិក្ខុនេះរមែងដឹងច្បាស់នូវធម៌ដ៏ប្រសើរលើសលុប
ជាទិដ្ឋិ ទាំងឡាយទាំងពួងនេះ(ក្នុងកាលនោះឯង) ។
ម្នាលភិក្ខុទាំងឡាយពួកសមណៈឬព្រាហ្មណ៍ណាមួយពជាអ្នក ប្រកបដោយ បុព្វន្តកប្បទិដ្ឋិក្តី
ប្រកកបដោយអបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តីជាអ្នកមាន សេចក្តីយល់ឃើញរឿយៗ
នូវខន្ធជាចំណែកខាងដើម នឹងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែក ខាងដើម
នឹងខន្ធជាចំណែកខាងមុខ សម្តែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ពួកសមណ
ព្រាហ្មណ៍ទាំងអស់នោះ ដែលវត្ថុ ៦២យ៉ាងនេះឯង
(គ្របសង្កត់)ធ្វើឲ្យដូចជានូវក្នុងសំណាញ់ គឺធម្ម ទេសនារបស់តថាគត អាស្រ័យនូវក្នុងសំណាញ់នេះ
កាលងើបឡើងក៏ងើបឡើង(ក្នុងសំណាញ់នេះ)ជាប់នៅ
ក្នុងសំណាញ់នេះធ្វើឥ្យដូចជានូវក្នុងសំណាញ់ គឺធម្មទេសនារបស់តថាគត
កាលងើបឡើងក៏ងើបឡើក្នុង សំណាញ់នេះ ម្នាលភិក្ខុទាំងឡាយ នាយនេសាទមច្ឆជាតិក្តី
កម្មកររបស់អ្នកនេសាទមច្ឆជាតិក្តី ដែលប៊ិនប្រ សប់បង់សំណាញ់ មានក្រឡាដ៏ញឹកទៅកន្ងអន្លង់ទឹកដ៏តូចនោះ
មានសេចក្តីត្រិះរិះដូច្នេះថា ពួកសត្វធំតូច នោះណាមួយ នៅក្នុងអន្លង់ទឹកនេះ
ពួកសត្វធំតូចទាំនោះ អញធ្វើឲ្យនៅក្នុងសំណាញ់ អាស្រ័យនៅក្នុងសំ ណាញ់នេះ
កាលបើងើបឡើងក៏ងើបឡើង(ក្នុងសំណាញ់) សេចក្តីឧបមាដូចម្តេចមិញ ពួកសមណព្រាហ្មណ៍ ណាមួយជាអ្នកប្រកបដោយ
បុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយអបរន្តកប្បទិដ្ឋិក្តី
ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិ ក្តី ( បេ ) មានឧបមេយ្យដូច្នោះឯង ។ ម្នាលភិក្ខុទាំងឡាយ
កាយរបស់តថាគតមានតណ្ហានាំទៅកាន់ភពថ្មី ទៀត ដាច់អស់ហើយ
តែកាយឋិតនៅ(កាយរបស់តថាគតនេះ)ឋិតនៅត្រឹមណា ទេវតានឹងមនុស្សទាំងឡាយ
ក៏នឹងឃើញកាយនោះត្រឹមណោះ
លុះទមលាយខន្ធទៅខាងមុខអំពីកិរិយាអស់ទៅនៃជីវិត
ទើបមនុស្សនិង ទេវតាលែងឃើញកាយនោះ ម្នាលភិក្ខុទាំងឡាយ កាលបើចង្កោមផ្លែស្វាយ
ដែលមានទងដាច់ហើយ ផ្លែ ស្វាយណាមួយដែលជាប់នៅក្នុងទង(ជាមួយគ្នា) ផ្លែស្វាយទាំងអស់នោះ
រមែង(ដាច់ជ្រុះ)ទៅតាមគ្នាដែរ សេចក្តីនេះមានឧបមាដូចម្តេចមិញ ( បេ )
ពួកមនុស្សនិងទេវតានឹងលែងបានឃើញកាយរបស់តថាគត ក៏ មានឧបមេយ្យដូច្នោះឯង ។
កាលដែលព្រះមានព្រះភាគ
ត្រាស់សម្តែងយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូល ព្រះមានព្រះភាគថា
បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនេះជាអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើនសេចក្តីនេះ
មិនធ្លាប់ មានមកទេ បពិត្រព្រះអង្គដ៏ចំរើនធម្មបរិយាយនេះឈ្មោះដូចម្តេច ។
ព្រះមានព្រះភាគទ្រង់ត្រាស់ថាម្នាល អានន្ទ ហេតុនោះចូលអ្នកចាំទុកធម្មបិយាយនេះ
ក្នុងសាសនានោះថា អត្ថជាល(មានអត្ថដូចជាបណ្តាញ) ដូច្នេះក៏បាន ចូលចាំនូវធម្មបិយាយនោះថា
ព្រហ្មជាលៈ(មានធម៌ដ៏ប្រសើរដូចជាបណ្តាញ)ដូច្នេះក៏បាន ចូល
ចាំទុកនូវធម្មបរិយាយនោះថាទិដ្ឋិជលៈ(មានទិដ្ឋិ៦២ដូចជាបណ្តាញ)ដូច្នេះក៏បានចូលចាំទុកនូវធម្មបរិយាយនោះថា
សង្គាមវិជយៈ(មានជ័យជំនះក្នុងសង្រាម)ដ៏ប្រសើរដូច្នេះក៏បាន ។ លុះព្រះមានព្រះភាគ
ទ្រង់ត្រាស់ សម្តែងព្រះសូត្រនេះហើយ ។ ភិក្ខុទាំងនោះ មានចិត្តត្រេចអររីករាយ
ចំពោះភាសិត ព្រះមានព្រះភាគ ។ កាលដែលព្រះមានព្រះភាគ បានត្រាស់សម្តែងសូត្រនេះ
ជាពាក្យវេយ្យករណ៍(ចប់) ហើយលោកធាតុទាំង មួយហ្មឺន ក៏កម្រើកញាប់ញ័រ ។
ជំពួក
៤
VII. សន្និដ្ឋាន
ក្រោយពីបានសិក្សា
អំពីព្រហ្មជាលសូត្រនោះយើងសង្កេតឃើញមានតម្លៃអប់រំយ៉ាង វិសេស វិសាល សម្រាប់មនុស្សដែលរស់នៅក្នុងសង្គម
ដោយសារមនុស្សដែលនៅក្នុងសង្គមសុទ្ធតែមាន ទំ នាក់ទំនងគ្នាដោយជៀសពុំរួចឡើយ ។
សូមបញ្ជាក់ផងដែរថាអ្វីដែលលើកឡើងនេះ មិនមែនថា ដោយពួកយើងជាពុទ្ធសាសនិក អ្នកកាន់
អ្នកជឿគោរពព្រះពុទ្ធសាសនា ហើយចេះតែលើកឡើង នោះទេ គឺដោយសារពួកយើងខ្ញុំសង្កេតឃើញថា
ពិតជាមានសារៈសំខាន់ពិតមែន ម្យ៉ាងការឲ្យតម្លៃ ឬមិនឲ្យតម្លៃ
ស្រេចហើយតែលើបុគ្គលរៀងៗខ្លួន សូម្បីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គមិនបាន សម្តែងថា
ព្រះធម៌ដែលព្រះអង្គសម្តែងហើយបរិស័ទត្រូវតែជឿ ត្រូវតែធ្វើតាមនោះដែរ គឺមុននឹងជឿឲ្យយក
ប្រាជ្ញាមកគិតពិចារណារកហេតុ រកផលឲ្យបានច្បាស់លាស់ សុំជឿនោះទើបប្រសើរ តែបើជឿ
ដោយខ្វះការពិចារណានោះពុំប្រសើរឡើយ ត្រង់នេះមានន័យថាបើជឿដោយខ្វះការពិចារណា មាន
ឧបមាដូចជាមនុស្សដែលពិកាភ្នែកទាំងពីរ នៅពេលដែលធ្វើដំណើរលើផ្លូវដែលខ្លួនមិនធ្លាប់ដើរ
មិនធ្លាប់ដឹងសភាពផ្លូវសោះនោះ វាស្រេចហើយតែអ្នកនាំ គេនាំទៅទីណាក៏ ចេះតែទៅតាមគេ
ឯមនុស្សដែលជឿមិនបានពិរណាក៏មានសភាពយ៉ាងដូច្នោះដែរ ។
ព្រះសម្ពុទ្ធជាម្ចាស់ព្រះអង្គ
គឺជាបុគ្គលដ៏អស់ចារ្យនៅក្នុងលោកព្រះអង្គត្រាស់ដឹនូវអរិយសច្ចៈ
ទ្រង់បានវៀវស្រឡៈចាកអំពើដែលសៅហ្មងផ្សេងៗ មាន បាណាតិបាទ អទិន្នាទា អព្រហ្មចរិយៈ
មុសាវាទសុរាជាដើម ឬយើងអាចនិយាយថាតាំងពីទាប រហូរដល់ខ្ពស់គឺល្អិតទៅៗ ។
ព្រះសម្ពុទ្ធជា ម្ចាស់ ទ្រង់បានបង្រៀន ( ន័យក្នុងព្រហ្មលសូត្រ ) ឲ្យសាវកទាំងឡាយឆ្ងាយចាកពី
អំពើដែលជា អកុសល ឲ្យប្រតិបត្តិតែអំពើជាកុសលគឺការដល់ព្រនដោយការប្រព្រឹត្តល្អ ដោយកាយ
ដោយវាចា នឹងដោយចិត្ត វៀរចាកទោសទាំងពួង នឹងមានដំណើរឆ្ពោះទៅកាន់ទីរំលត់ទុក្ខ ។
ក្នុងសង្គមមនុស្សយើងតែងតែជួបរឿងសព្វបែបសព្វយ៉ាងដូចជា១ការមានលាភ
២គ្មានលាភ ៣ មានយស ៤ គ្មានយស ៥ សរសើរ ៦
ការនិន្ទា ៧ ការស្រឡាញ់ ៨ ការស្អប់ នេះហៅថាលោក ធម៌ មានន័យថា
ធម៌ដែលគ្រាប់សង្កត់សត្វលោក ឬថាសត្វលោកតែងប្រព្រឹត្តទៅតាមធម៌នោះ ។ សម័យបច្ចុប្បន្ន
ក៏ដូចជាកាលពីអតីកាលដែរ មនុស្សតែងតែជួបនឹងរឿងទាំងអស់នេះ ដោយព្រោះ
តែចង់បានលាភសក្ការៈមនុស្សបានប្រើមធ្យោបាយផ្សេងៗ ដើម្បីស្វែងរក ពេលខ្លះបានប្រើ
មធ្យោ បាយអមនុស្សធម៌ អសីលធម៌ គ្នានគុណធម៌ប្រាសចាកពីច្បាប់សង្គម ច្បាប់សាសនាជាដើម ។
រឿង មានយស នឹងគ្មានយស នៅពេលដែលមានយសយើងសប្បាយ រីករាយ ប៉ុន្តែបើគ្មានយសយើងមិន
សូវសប្បាយ មិនសូវរីករាយ មិនសូវមានមុខមានមាត់ក្នុងសង្គម មិនសូវមានអ្នកគោរព កោតខ្លាច
ជាដើម ។ ចំណែកការសរសើរ វាជារឿងដែលមនុស្សទូទៅប្រាថ្នាចង់បានយើងពុំចាំបាច់និយាយ
ពីអតីតកាល ឬអនាគតអ្វីនោះទេ និយាយតែបច្ចុប្បន្នដែលយើងដឹង ជួប នឹងលឺ
ស្ទើររាល់ថ្ងៃនេះ គឺ មនុស្សស្ទើរគ្រប់រូបធ្វើអ្វីៗគ្រប់យ៉ាង
ដូចជាអ្នកធ្វើការក្នុងក្រសួង ស្ថាបន សហគមន៍ ក្នុងគ្រូសារ សិស្ស
និស្សិតខំប្រឹងប្រែងតែងចង់បានការលើកសរសើរ ចង់បានប័ណ្ណសរសើរ តែបើមិនបានដូច
សេចក្តីប្រាថ្នា តែត្រឡប់ជាទទូលបានការនិន្ទាវិញនោះជាហេតុធ្វើឲ្យមិនសប្បាយចិត្ត
អាក់អន់ចិត្ត កើតទុក្ខទោម្និញ ចងជាគំនុំគុំគួន បង្កឡើងជាអំពើហិង្សាក៏មាន ។
ការស្រឡាញ់ មនុស្សតែងចង់ បានការស្រឡាញ់រាប់អាន ការចូលចិត្តពីអ្នកដទៃសច្រើន
ប៉ុន្តែរឿងគ្រប់យ៉ាងវាពុំមែនបាន មកតាម សេចក្តីប្រាថ្នារបស់យើងទាំងអស់នោះទេ
ពេលក៏ទទូលការស្រឡាញ់ពីអ្នកដទៃដូចបំណង តែពេល ខ្លះក៏បែរជាត្រូវស្អប់ក៏មាន
ជាហេតុនាំឲ្យមិនចិត្ត ។ យ៉ាងដូច្នេះហើយបានជាព្រះមានព្រះភាគ ទ្រង់ ហាមមិនឲ្យយើង
សប្បាយត្រេចអរ ព្រើលចិត្ត នឹងរឿងទាំងអស់ហ្នឹង ព្រោះអាចជាហេតុនាំឲ្យខូច
ប្រយោជន៍ផ្សេងៗបាន អាចជាកត្តាធ្វើឲ្យនៅក្នុងគ្រូសារមានជំលោះបែកបាក់
ក្នុងសហគមន៍អាចធ្វើ ឲ្យបែកបាក់សាមគ្គី ចំពោះសង្គម
ជាតិអាចកើតមានវិបត្តិនយោបាយរវាងអ្នកកាន់អំណាចជាដើម ។ ម្យ៉ាងទៀតព្រះមានព្រះភាគ
ព្រះអង្គសម្តែងប្រាប់កុំឲ្យយើង ប្រកាន់យកការយល់ឃើញរបស់យើង ថាត្រឹមត្រូវគ្រប់ជ្រុងជ្រោយ
ឥតខ្ចោះ ហើយឲ្យយើងចេះទទូលខុសត្រូវ ហ៊ានទទូលស្គាល់ការពិត ដាក់ខ្លួនព្រមទទូលការអប់រំ
ដើម្បីអភិវឌ្ឍន៍ខ្លួន ចៀចវាងការធ្វើខុសហើយ រិតតែខុស ។
មានមតិគេលើកឡើងថាព្រះសម្ពុទ្ធបង្រៀនមនុស្សឲ្យស្វែងរកសេចក្តីសុខតែបុគ្គលឯង
ត្រង់ បញ្ហានេះ សួរថាតើយើងអាចញាំងចិត្តរបស់អ្នកដទៃឲ្យស្អាតផូរផងបានទេ វាពិតជាមិនមានបានទេ
បើបុគ្គលនោះ មិនព្យាយាមដុសខាត់ចិត្តសន្តានរបស់ខ្លួន ដោយខ្លួនឯង
ដូចពុទ្ធភាសិតសម្តែងថា ៖
អត្តនាវ
កតំ បាបំ អត្តនា សង្កិលិស្សតិ
អត្តនា
អកតំ បាបំ អត្តនា វិសុជ្ឈតិ
សុទ្ធិ
អសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយេ ។
មានន័យថា
បុគ្គលណាធ្វើបាបដោយខ្លួនឯង បុគ្គលនោះរមែងសៅហ្មងដោងខ្លួនឯង បុគ្គល
ណាមិនធ្វើបាបដោយខ្លួនឯង បុគ្គលនោះនឹងបរិសុទ្ធដោយខ្លួនឯង សេចក្តីបរិសុទ្ធ
នឹងមិនបរិសុទ្ធជា រឿងផ្ទាល់ខ្លួន អ្នកគប្បីញាំងអ្នកដទៃឲ្យបរិសុទ្ធពុំបានឡើយ ៕
No comments:
Post a Comment